Acts 12

1នៅគ្រានោះស្ដេចហេរ៉ូឌ​បាន​លូកដៃធ្វើបាប​អ្នក​ខ្លះ​ក្នុង​ចំណោម​ពួក​អ្នកនៅក្នុងក្រុមជំនុំ 2ស្ដេចបាន​សម្លាប់​លោក​យ៉ាកុបជាបង​របស់​លោក​យ៉ូហាន​ដោយ​ដាវ 3ពេលស្ដេច​យល់ឃើញថាការនេះពេញចិត្ដដល់​ជនជាតិ​យូដាស្ដេចក៏ចាប់​លោក​ពេត្រុស​ទៀត។ ​ហេតុការណ៍​នេះ​បាន​កើតឡើង​ក្នុង​ពេល​បុណ្យ​នំបុ័ងឥតមេ 4ក្រោយពី​ស្ដេច​បាន​ចាប់លោកពេត្រុសរួចក៏​យក​ទៅ​ដាក់គុក​ហើយ​ប្រគល់គាត់​ឲ្យ​ទាហានបួនក្រុមយាម​គឺ​មួយ​ក្រុម​មាន​គ្នា​បួននាក់​ដ្បិត​ស្ដេច​មានបំណងនាំគាត់​ទៅ​ដាក់​នៅ​ចំពោះ​មុខ​បណ្ដាជនក្រោយពី​បុណ្យ​រំលង 5ដូច្នេះគេ​ក៏ឃុំ​លោក​ពេត្រុសទុកនៅក្នុងគុកប៉ុន្ដែក្រុមជំនុំ​បាន​អធិស្ឋានយ៉ាង​អស់​ពី​ចិត្ដដល់ព្រះជាម្ចាស់សម្រាប់គាត់ 6នៅយប់​ដែល​ស្ដេចហេរ៉ូឌហៀបនឹងនាំលោកពេត្រុស​ចេញ​មក​គឺ​នៅ​ពេល​ដែលគាត់​កំពុង​ដេកលក់នៅចន្លោះទាហានពីរនាក់​ទាំង​មាន​ច្រវាក់ពីរខ្សែចងជាប់ហើយ​ពួក​អ្នកយាម​កំពុង​យាមនៅមាត់ទ្វារគុក 7ស្រាប់តែទេវតា​របស់​ព្រះអម្ចាស់​បាន​ចូល​មក​ជិតហើយពន្លឺ​បាន​ចែងចាំងនៅក្នុងបន្ទប់ឃុំឃាំង​ទេវតា​នោះ​បាន​អង្រួន​លោក​ពេត្រុស​ពី​ចំហៀង​ឲ្យ​គាត់ភ្ញាក់ឡើង​ដោយ​និយាយថា៖ ​«ចូរ​ក្រោកឡើងជាប្រញាប់!» ​ពេលនោះច្រវាក់​បាន​របូតចេញពីដៃ​របស់​គាត់ 8ទេវតានោះប្រាប់លោកពេត្រុសថា៖ ​«ចូរ​ក្រវាត់ចង្កេះហើយពាក់ស្បែកជើងទៅ» ​គាត់​ក៏ធ្វើតាមរួច​ទេវតា​នោះ​ក៏ប្រាប់គាត់​ទៀត​ថា៖ ​«ចូរ​ពាក់អាវហើយមក​តាម​ខ្ញុំចុះ» 9ដូច្នេះគាត់​ក៏ចេញទៅ​ហើយ​ដើរតាម​ទេវតា​នោះ​ប៉ុន្ដែ​គាត់​មិន​បាន​ដឹងថា​ហេតុការណ៍​ដែល​កំពុង​កើតឡើងតាមរយៈទេវតានេះ​គឺ​ជាការពិតទេព្រោះ​គាត់​ស្មានថា​គាត់​ឃើញ​ក្នុង​សុបិននិមិត្ដ 10ពេលឆ្លង​កាត់​កន្លែង​យាមទីមួយនិង​កន្លែង​យាម​ទីពីរ​រួច​ហើយ​ពួកគេ​ក៏មកដល់ទ្វារដែកឆ្ពោះទៅក្រុងដែល​បាន​បើកដោយឯងៗ​សម្រាប់​ពួកគេ។ ​ដូច្នេះ​ពួកគេ​ក៏ចេញទៅ​ហើយ​បន្ដដំណើរ​តាម​ផ្លូវមួយរីឯទេវតាក៏​ចាក​ចេញ​ពីគាត់ភ្លាម​ទៅ។ 11ពេលលោក​ពេត្រុស​ដឹង​ខ្លួន​គាត់​ក៏និយាយថា៖ ​«ឥឡូវនេះខ្ញុំដឹងប្រាកដថាព្រះអម្ចាស់​បាន​ចាត់ទេវតា​របស់​ព្រះអង្គ​ឲ្យ​មកហើយរំដោះខ្ញុំពីដៃ​របស់​ស្ដេច​ហេរ៉ូឌនិង​ពី​ការប៉ុនប៉ងទាំងឡាយរបស់ជនជាតិយូដា»។ 12ក្រោយពី​យល់​ហេតុការណ៍​នេះហើយ​គាត់​ក៏ធ្វើដំណើរទៅផ្ទះ​របស់​នាង​ម៉ារាជាម្ដាយ​របស់​លោក​យ៉ូហានដែលហៅថាម៉ាកុសជា​កន្លែង​ដែលមាន​មនុស្ស​ជាច្រើន​កំពុង​ជួបជុំគ្នាអធិស្ឋាន 13ពេលលោកពេត្រុសគោះទ្វារ​នៅ​ច្រកចូលក៏​មាន​ស្ដ្រី​បម្រើ​ម្នាក់ឈ្មោះរ៉ូដា​បាន​ចូលទៅជិត​ដើម្បី​ស្ដាប់ 14ក្រោយពី​ស្គាល់​ថា​ជា​សំឡេង​របស់​លោក​ពេត្រុស​នាង​ត្រេក​អរ​ណាស់​នាង​មិន​បាន​បើកទ្វារ​ទេ​បែរជារត់​ទៅ​ក្នុងប្រាប់​គេ​ថា​លោក​ពេត្រុស​កំពុង​ឈរនៅមាត់ទ្វារ 15ពួកគេប្រាប់នាងថា៖ ​«អ្នក​រវើរវាយហើយ!» ​ប៉ុន្ដែនាង​នៅតែ​អះអាងបែបដូច្នេះ។ ​ពួកគេក៏ប្រាប់​នាង​ទៀត​ថា៖ ​«នោះ​ជាទេវតា​របស់​គាត់​ទេ» 16រីឯលោក​ពេត្រុស​នៅតែ​បន្ដគោះទ្វារ​ដូច្នេះ​ពួកគេ​ក៏បើកទ្វារហើយ​កាល​បាន​ឃើញគាត់​ពួកគេ​ងឿងឆ្ងល់ណាស់ 17ក្រោយពីបាន​ធ្វើសញ្ញាដៃ​ឲ្យ​ពួកគេនៅស្ងៀម​រួច​ហើយ​គាត់​ក៏​រៀបរាប់ប្រាប់ពួកគេពី​របៀប​ដែលព្រះអម្ចាស់​បាន​នាំគាត់ចេញពីគុកហើយ​គាត់​បាន​ប្រាប់​ទៀត​ថា៖ ​«សូម​យក​ដំណឹង​នេះ​ទៅ​ប្រាប់​លោក​យ៉ាកុបនិង​ពួក​បងប្អូន​ឲ្យ​ដឹង​ផង»។ ​បន្ទាប់មក​គាត់​ក៏​ចាកចេញ​ទៅ​កន្លែងមួយផ្សេងទៀត 18លុះភ្លឺឡើងមានការ​ជ្រួល​ច្របល់ជាខ្លាំងនៅក្នុងចំណោម​ពួក​ទាហាន​អំពី​ការ​បាត់​ខ្លួន​របស់​លោក​ពេត្រុស 19កាលស្ដេចហេរ៉ូឌតាមរកលោកពេត្រុសមិនឃើញ​ស្ដេច​ក៏សួរចម្លើយ​ពួក​អ្នកយាម​រួច​បញ្ជា​ឲ្យ​គេ​យក​ពួក​អ្នកយាម​ទៅ​សម្លាប់​ចោល​បន្ទាប់មក​ស្ដេច​ក៏ចាកចេញពី​ស្រុក​យូដាទៅក្រុងសេសារា​ហើយ​ស្នាក់​នៅ​ទី​នោះ 20នៅគ្រា​នោះ​ស្ដេច​ហេរ៉ូឌ​ខឹង​នឹង​ប្រជាជន​ក្រុង​ទីរ៉ុសនិង​ប្រជាជន​ក្រុងស៊ីដូន​យ៉ាង​ខ្លាំងដូច្នេះ​អ្នក​ទាំង​នោះ​បាន​ព្រមព្រៀងគ្នាមក​ជួប​ស្ដេចក្រោយពី​បាន​បញ្ចុះបញ្ចូល​លោក​ប្លាសតុស​ជា​មន្ដ្រីរក្សាដំណាក់ស្ដេច​រួច​មក។ ​ពួកគេ​បាន​សុំ​ឲ្យ​មាន​សន្ដិភាពពីព្រោះស្រុករបស់ពួកគេទទួល​ស្បៀង​អាហារពី​ស្រុក​របស់ស្ដេច 21កាលដល់​ថ្ងៃកំណត់​ហើយ​ស្ដេចហេរ៉ូឌ​ក៏​ស្លៀកសម្លៀកបំពាក់ស្ដេចអង្គុយលើបល្ល័ង្កហើយប្រកាសទៅពួកគេ 22ពេលនោះបណ្ដាជនក៏ស្រែកឡើងថា៖ ​«នេះ​ជា​សំឡេង​របស់​ព្រះជាម្ចាស់មិនមែនមនុស្សឡើយ 23រំពេចនោះទេវតា​របស់​ព្រះអម្ចាស់ក៏វាយប្រហារស្ដេចគឺ​ស្ដេច​ត្រូវដង្កូវចោះស្លាប់ព្រោះមិន​បាន​ថ្វាយ​សិរី​រុងរឿង​ដល់​ព្រះជាម្ចាស់ 24រីឯព្រះបន្ទូល​របស់​ព្រះជាម្ចាស់ក៏រីកសុះសាយច្រើនឡើង 25លោកបារណាបាសនិង​លោក​សុល​ក្រោយពី​បាន​បំពេញកិច្ចការ​របស់​ខ្លួន​ចប់​ហើយ​ពួកគេ​ក៏ត្រលប់ទៅ​ក្រុង​យេរូសាឡិម​វិញ​ទាំង​យក​លោក​យ៉ូហានដែលហៅថាម៉ាកុស​ទៅ​ជាមួយ​ផង។
Copyright information for KhmKCB